(ប៊ែរឡាំង)៖ បច្ចុប្បន្នចំពោះមុខការរាតត្បាតនៃ COVID-19 ជុំវិញពិភពលោក មានការកត់សម្គាល់ឃើញថា អាល្លឺម៉ង់ ដែលស្ថិតក្នុងចំណោម ប្រទេស ដែលមានករណីឆ្លងរាប់សិបម៉ឺននោះ បែរជាមានចំនួនអ្នកជំងឺដែលស្លាប់ទាបជាងគេឆ្ងាយទៅវិញ ធៀបនឹងចិន អ៉ីតាលី អេស៉្បាញ បារាំង និងអ៉ីរ៉ង់ ដែលសុទ្ធតែមានអ្នកស្លាប់ចាប់ពី១,០០០នាក់ឡើងទៅ។
យោងតាមការយល់ឃើញពីអ្នកជំនាញមួយ ចំនួនរបស់អាល្លឺម៉ង់ផ្ទាល់ គឺស្ថានការណ៍បែបនេះ អាចគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារអាល្លឺម៉ង់ កន្លងមកនេះបាន ប្រឹងប្រែងខ្លាំងក្នុងការធ្វើតេស្តស្វែងរក COVID-19 លើប្រជាជនខ្លួន។ ប្រការនេះ ក៏នឹងរកឃើញដែរ សូម្បីតែអ្នកឆ្លងដែលមានសុខភាពល្អធម្មតា ដូច្នេះហើយតួលេខអ្នកឆ្លងនឹងមើលទៅឃើញច្រើនមែន ប៉ុន្តែអ្នកឆ្លងមួយចំនួនធំមានសុខភាព ធម្មតា។ យ៉ាងណាមិញ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ អាចលេចឡើងនៅអាល្លឺម៉ង់ក៏ថាបានដែរ ហើយ ធ្វើឲ្យអត្រាមរណកើនឡើងខ្ពស់ដូចប្រទេសដទៃទៀត។
អ្នកជំនាញខ្លះទៀតបានលើកឡើងថា ការឆ្លង COVID-19 នៅអាល្លឺម៉ង់ មានកើតលើមនុស្សវ័យកណ្តាល និងចំណាស់ច្រើនក៏ដោយ ប៉ុន្តែ ពួកគេជាទូទៅមានសុខភាពរឹងមាំ ឬមិនមានជំងឺធ្ងន់ប្រចាំកាយ ដែលអាចបង្កើនហានិភ័យនៃការបាត់បង់ជីវិតឡើយ។ ដោយឡែក ទាក់ទិន នឹងភាពខុសគ្នានៃអត្រាមរណៈ ក៏មានសំណួរមូលដ្ឋានចំនួនបួនផងដែរ៖ ១. តើវីរុសនេះ មានលក្ខណៈខុសគ្នាដែរឬអត់ នៅតាមតំបន់ផ្សេងៗជុំវិញពិភពលោក? ២. តើល្បឿននៃការធ្វើរោគវិនិច្ឆ័យមានកម្រិតខុសគ្នាឬទេរវាងប្រទេសនីមួយៗ? ៣. តើអ្នកជំងឺខុសគ្នាដែរឬទេនៅតាមប្រទេសនានា? ៤. តើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសទាំងអស់នោះខុសគ្នាកម្រិតណា?
គួរជម្រាបថា មកទល់ពេលនេះ អាល្លឺម៉ង់រកឃើញអ្នកឆ្លង COVID-19 ចំនួន៣២,៩៩១នាក់ ប៉ុន្តែមានអ្នកស្លាប់ត្រឹមយ៉ាងតិច១៥៩នាក់ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មាន CNN (ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០)