(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៉ីតាលី បានហក់ឡើងខ្ពស់ជាថ្មីនៅថ្ងៃអង្គារសប្ដាហ៍នេះ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែមើលឃើញ ភស្ដុតាងជាច្រើនបញ្ជាក់ថា អាត្រាឆ្លងជំងឺរាតត្បាតសកលមួយនេះមានការថយចុះ ដោយសារតែវិធានការបិទប្រទេសរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
វិធានការរឹតត្បិតនានារួមទាំងការបិទប្រទេស នឹងត្រូវអស់សុពលភាពនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅអ៉ីតាលី) ប៉ុន្តែរដ្ឋាភិបាលអ៉ីតាលីត្រូវបានគេរំពឹងថា នឹងបន្តអនុវត្ត វិធានការទាំងនេះមួយផ្នែក ឬក្រោមទម្រង់ផ្សេងៗ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍ ឬក៏ជាច្រើនខែខាងមុខក៏ថាបាន។ អ៊ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ៧៤៣នាក់បន្ថែមទៀតនៅថ្ងៃអង្គារ ហើយវាជាចំនួនហក់ឡើងខ្ពស់វិញជាថ្មី បន្ទាប់ពីបានធ្លាក់ចុះពីរថ្ងៃជាប់ៗគ្នា ដោយកាលពីថ្ងៃចន្ទអ្នកស្លាប់មានចំនួន ៦០១នាក់ បើធៀបទៅនឹងថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មានមនុស្សស្លាប់រហូតដល់ ៧៩៣នាក់ឯណោះ។
តែទោះជាបែបនេះក្ដី អាត្រាឆ្លងថ្មីដែលត្រូវបានចុះបញ្ជីជាផ្លូវការ មានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ដែលនេះគឺជាកម្រិតទាបមួយ ចាប់តាំងពីអ៉ីតាលីបានរាយការណ៍ ពីករណីស្លាប់ដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ។ ពោលគឺអាត្រាឆ្លងប្រចាំថ្ងៃធ្លាប់បានឡើងដល់កម្រិត ៥០ភាគរយឯណោះកាលពីដើមខែមីនា។
គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ អ៉ីតាលីមានមនុស្សស្លាប់សរុប ៦,៨២០នាក់ ក្នុងចំណោមករណីឆ្លងសរុប ៦៩,១៧៦ករណី ខណៈអ្នកជំងឺសរុប ៨,៣២៦នាក់ហើយបានជាសះស្បើយទាំងស្រុង៕