(គូឡាឡាំពួ)៖ មនុស្សសរុប ១៥នាក់ហើយបានបាត់បង់ជីវិត ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលប្រទេសមួយនេះកំពុងបន្តឈរនៅកំពូលតារាង ក្នុងចំណោម ប្រទេសទាំង ១០ នៅតំបន់អាស៊ាន ជាមួយនិងចំនួនករណីឆ្លង COVID-19 សរុបច្រើនជាងគេរហូតដល់ ១,៦២៤ករណីឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ការកើនឡើងនៃចំនួនករណីឆ្លងខាងលើនេះ គឺក្រោយពីអាជ្ញាធរម៉ាឡេស៊ី បានប្រកាសពីការរកឃើញអ្នកឆ្លង ១០៦នាក់ទៀតនៅល្ងាចថ្ងៃអង្គារនេះតែម្តង។ សរុបសេចក្តីមកគិតត្រឹមពេលនេះ នៅម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ១,៦២៤ករណី ក្នុងនោះអ្នកជំងឺ ១៥នាក់ស្លាប់, ៦៤នាក់ស្ថិតក្នុងអការៈធ្ងន់ធ្ងរ និង ២៤នាក់កំពុងត្រូវសង្គ្រោះបន្ទាន់ ខណៈអ្នកជំងឺ ១៨៣នាក់ទៀតបានជាសះស្បើយទាំងស្រុង៕