(តៃប៉ិ)៖ កោះតៃវ៉ាន់បានចោទប្រកាន់ អង្គការសុខភាពពិភពលោក (WHO) ថាបានធ្វើពង្រើយចំពោះសំណួររបស់ខ្លួន កាលពីកំឡុងពេលចាប់ផ្តើមដំបូងនៃការផ្ទុះឡើងនូវ COVID-19 ខណៈបច្ចុប្បន្នតៃវ៉ាន់មានអ្នកឆ្លងកើនដល់ច្រើនជាង ២០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
លោក ឆូវ ជីហរ (Chou Jih-haw) ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់តៃវ៉ាន់ នាថ្ងៃអង្គារនេះបានលើកឡើងថា តៃវ៉ាន់បានសរសេរលិខិតទៅកាន់អង្គការ WHO កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីសួរនាំព័ត៌មានអំពីការផ្ទុះរាលដាល នៃវីរុសប្រភេទថ្មីនៅទីក្រុង វូហាន (Wuhan) របស់ចិន ដែលរួមមានទាំងសំណួរថា តើវាជាវីរុសឆ្លងពីមនុស្សទៅមនុស្ស ឬយ៉ាងណា។ យ៉ាងណាមិញបើតាមលោក Chou ខណៈ WHO បានបញ្ជាក់ថា ខ្លួនទទួលបានលិខិតរបស់តៃវ៉ាន់ ប៉ុន្តែមិនបានផ្តល់ចម្លើយតបវិញនោះឡើយ។
កន្លងមករដ្ឋាភិបាលតៃវ៉ាន់ធ្លាប់បានលើកឡើងថា ការមិនផ្តល់ព័ត៌មានលម្អិតដល់តៃវ៉ាន់ពីសំណាក់ WHO ក្នុងពេលដែលការផ្ទុះរាលដាលនៃវីរុស គឺស្មើនឹងការលេងសើច ចំពោះជីវិតរបស់ប្រជាពលរដ្ឋតៃវ៉ាន់។
គួរជម្រាបថា តៃវ៉ាន់ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន មិនត្រូវអនុញ្ញាតឲ្យចូលជាសមាជិករបស់អង្គការ WHO ឡើយ។ យ៉ាងណាមិញមកទល់ពេលនេះ តៃវ៉ាន់ហាក់គ្រប់គ្រងស្ថានការណ៍បានល្អ គួរឲ្យកត់សម្គាល់តាំងតែពីដំបូងមក គឺមកទល់ឥឡូវនេះមានករណីឆ្លងកើនដល់ត្រឹម ២១៥នាក់ប៉ុណ្ណោះ និងស្លាប់ ០២នាក់ នៅលើដែនដីកោះដែលមានប្រជាជនជា ២៣លាននាក់នេះ៕