(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសថារដ្ឋាភិបាលទីក្រុងប៉េកាំង នឹងផ្ដល់ជំនួយដល់ប្រទេសចំនួន៨២ ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងសហភាពអាហ្រ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ក៏បានបញ្ជាក់ដែរថា ជំនួយវេជ្ជសាស្រ្តដែលចិន បាននិងកំពុងបរិច្ចាគ ក្នុងនោះរួមមានឧបរកណ៍ធ្វើតេស្ដរក COVID-19, ម៉ាស, និងសម្លៀកបំពាក់ការពារ ហើយបណ្ដាប្រទេសមួយចំនួន ក៏បាន ទទួលជំនួយទាំងនេះរួចហើយដែរ។ លោក Shuang បន្តថាប្រទេសដែលចិន បានផ្ដល់ជំនួយ ជាឧទាហរណ៍ស្រាប់មានដូចជា បារាំង អ៉ីតាលី អ៉ីរ៉ង់ និងកូរ៉េខាងត្បូងជាដើម។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផ្ទាល់ក៏ធ្លាប់បានបញ្ជាក់ប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីពេលថី្មៗនេះថាចិននឹងសហការជាមួយពិភពលោក ដើម្បីកម្ចាត់ COVID-19 ផងដែរ។
គួរជម្រាបថា បើតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins គិតត្រឹមម៉ោង០៨៖៣០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោក បានកើនដល់ ៣៥១,៧៣១ករណីហើយ ក្នុងនោះអ្នកជំងឺ ១៥,៣៧៤នាក់បានបាត់បង់ជីវិត និង១០០,៤៣០នាក់បានជាសះស្បើយ៕