(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមអនុវត្តវិធានការបិទប្រទេស រយៈពេលបីសប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ជាមួយការហាមឃាត់ប្រជាជនចាកចេញពីផ្ទះ បើមិនមានភាពចាំបាច់ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅល្ងាចថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានគូសបញ្ជាក់ដូច្នេះថា៖ «ចាប់ពីថ្ងៃល្ងាចនេះទៅ ខ្ញុំនឹងផ្ដល់ជូនការណែនាំដ៏សាមញ្ញដល់ប្រជាជនអង់គ្លេសទាំងអស់ នោះគឺអ្នកត្រូវតែស្ថិតនៅក្នុង ផ្ទះ...ពីព្រោះនេះគឺជាវិធានការសំខាន់បំផុត ដែលយើងត្រូវធ្វើដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19»។ លោកបន្ថែមថា ប្រជាជននឹងត្រូវបាន អនុញ្ញាតឱ្យចេញពីផ្ទះ ក្រោមការដាក់លក្ខខណ្ឌកំហិត ដោយត្រូវមានហេតុផលចាំបាច់ ដូចជាទៅផ្សារទិញរបស់របរចំាបាច់, រកសេវាវេជ្ជសាស្ត្រ និងទៅធ្វើការក្នុងករណីខានមិនបាន ជាដើម។
គួរបញ្ជាក់ថា ប្រកាសពីវិធានការបិទប្រទេសរបស់លោក Boris Johnson ធ្វើឡើងបន្ទាប់ពីចំនួនអ្នកស្លាប់ ដោយសារ COVID-19 នៅទូទាំងចក្រភព អង់គ្លេស កើនដល់ ៣៣៥នាក់ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ៕