(ប៉េកាំង)៖ រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែពង្រឹងបន្ថែមចំពោះវិធានដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់ជនបរទេសដែលចូលមកទឹកដីចិន ខណៈករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នារយៈពេលចុងក្រោយនេះ គឺស្ទើតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី ២៤ ខែមីនា ឆ្នាំ ២០២០។
កាសែតផ្លូវការរបស់រដ្ឋាភិបាលចិន បានរាយការណ៍ឲ្យដឹងថា រាល់អ្នកដំណើរទាំងអស់ ដែលចូលមករដ្ឋធានីប៉េកាំង នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ហើយនឹងត្រូវធ្វើការតេស្តពិនិត្យរកមើលជំងឺ COVID-19 ជាមុនសិន។ ដោយឡែក សម្រាប់អ្នកដែលបានចូលមកក្នុងរដ្ឋធានីហើយក៏ដោយ ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសក្រៅ ក្នុងរយៈពេល១៤ចុងក្រោយ ក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងត្រូវធ្វើតេស្តរកជំងឺនេះដូចគ្នាផងដែរ។
គួរជម្រាបថា នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិនដែលកន្លងមកជាចំណុចណ្តាល នៃការផ្ទុះរីករាលដាលរបស់ជំងឺ COVID-19 បានស្គាល់នូវភាពធូរស្បើយយ៉ាងខ្លាំង។ ពោលគឺមានករណីឆ្លងថ្មីៗ ទាបបំផុតហើយករណីឆ្លងថ្មីទាំងនោះទៀតសោត ស្ទើរតែជាករណីនាំចូលពីប្រទេសក្រៅទាំងស្រុង។ តួយ៉ាងដូចជាករណីថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃអង្គារនេះជាដើម មានត្រឹមតែ៧៨ ករណីប៉ុណ្ណោះ តែក្នុងចំណោមនោះមាន៧៤ នាក់ទៅហើយជាករណីនាំចូលពីក្រៅ៕