(វ៉ាស៊ីនតោន)៖ ជំទាវទីមួយអាមេរិក និងជាភរិយាលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោកស្រី មេឡានៀ (Melania Trump) បានទទួលការធ្វើតេស្ដរកជំងឺ COVID-19 ជាមួយលទ្ធផល «អវិជ្ជមាន»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នាថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «គាត់ (លោកស្រី Melania Trump) មានសុខភាពល្អ... ពិតណាស់លទ្ធផលគឺអវិជ្ជមាន»។ នេះគឺលើកទីមួយហើយ ដែលលោក ត្រាំ ទទួលស្គាល់ថា ភរិយារបស់លោកបានទទួលការធ្វើតេស្ដរក COVID-19 ខណៈទន្ទឹមគ្នានេះសេតវិមានក៏បានអះអាងផងដែរថា លោកប្រធានាធិបតីអាមេរិកផ្ទាល់ ក៏បានធ្វើតេស្ដរកជំងឺនេះដែរ ដោយលទ្ធផលគឺអវិជ្ជមានដូចគ្នា។
ក្រៅពីលោក ដូណាល់ ត្រាំ និងភរិយា កូនស្រីរបស់លោកគឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka Trump), អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) រួមទាំងភរិយាលោក គឺលោកស្រី ខារែន ភែន (Karen Pence) សុទ្ធតែបានធ្វើតេស្ដរក COVID-19 ហើយចេញលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
គួរបញ្ជាក់តាមអាជ្ញាធរសុខាភិបាលអាមេរិក បានប្រកាសនៅថ្ងៃដដែលថា ពេលនេះចំនួនមនុស្សស្លាប់ដោយសារ COVID-19 មានសរុប ៥២០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៤១,០០០ករណី ខណៈការធ្វើតេស្តត្រូវបានធ្វើឡើង ចំពោះមនុស្សសរុប ៣១៣,០០០នាក់រួចហើយនៅទូទាំងសហរដ្ឋអាមេរិក។ សម្រាប់រដ្ឋដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេគឺញូយ៉ក ដែលមានអ្នកជំងឺ COVID-19 បាត់បង់ជីវិតរហូតដល់ ១៥៧នាក់៕