(បាងកក)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃលោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់ឱ្យដឹងថា អ្នកជំងឺ COVID-19 ពីរនាក់បន្ថែមទៀតទើបតែបានបាត់បង់ជីវិត ធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនដល់ ០៤នាក់។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរថៃ ទទួលស្គាល់ពីករណីអ្នកស្លាប់ទី ២ ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក Wisanuyothin បានបញ្ជាក់ថា ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសក៏បានកើនដល់ ៨២៧ករណី ផងដែរ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១០៦ត្រូវបានរាយការណ៍។ លោកបានបន្ថែមថា អ្នកបាត់បង់ជីវិតទាំង ០៣នាក់ថ្មីៗខាងលើ គឺសុទ្ធតែមានជំងឺប្រចាំកាយ និងមានបញ្ហាសុខភាព ក្នុងនោះរួមមានបុរសអាយុ ៧០ឆ្នាំម្នាក់មានជំងឺរបេង, បុរសអាយុ ៤៥ឆ្នាំម្នាក់មានជំងឺទឹកនោមផ្អែម និងបុរសអាយុ ៧៩ឆ្នាំម្នាក់មានបញ្ហាសុខភាព។
គួរជម្រាបថា បើតាមលោក Wisanuyothin អ្នកជំងឺ ៥៧នាក់ បានជាសះស្បើយទាំងស្រុង ខណៈ ៧៦៦នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ៕