(ប៉េកាំង)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៧៨នាក់បន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ៧៤ករណីជាករណីនាំចូលមកពីប្រទេសក្រៅ ហើយ០៤ករណីទៀតជាករណីឆ្លង ក្នុងប្រទេសចិនតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៣,១៥៩ នាក់ ដោយក្នុងនោះ ៤៥៦នាក់ទើបតែត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,១៧១ករណី ក្នុងនោះ ៣,២៧៧នាក់បានស្លាប់។
និយាយជារួមសម្រាប់ថ្ងៃចន្ទ ទី២៣ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ៧៨ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីទាំង៧៨នេះទៀតសោតមានតែ០៤ ករណីប៉ុណ្ណោះដែលបានឆ្លងក្នុងប្រទេស (ម្នាក់នៅទីក្រុងវូហាន) ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីខាងក្រៅ។ ដោយឡែកចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះ មានត្រឹមតែ ០៧នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕