(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរី នឹងបរិច្ចាគថវិកាចំនួន៥០០,០០០ដុល្លារអាមេរិក ជូនដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីគាំទ្រដល់ផែនការត្រៀមរៀបចំ និងឆ្លើយតបជាយុទ្ធសាស្រ្តរបស់អង្គការមួយនេះ ក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា ដែលចេញដោយក្រសួងការបរទេស និងក្រសួងសុខាភិបាលសង្ហិបុរីកាលពីយប់ថ្ងៃចន្ទបានឲ្យដឹងថា ការបរិច្ចាគនេះគឺជាការឆ្លើយតប ទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO)។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំ នៃការផ្ទុះរីករាលដាលជំងឺឆ្លងសកល COVID-19 និងផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច រួមទាំងការបាត់បង់អាយុជីវិតមនុស្សជាច្រើនផងផងដែរ។ សិង្ហបុរីបានបន្ថែមទៀតថា ប្រទេសអាស៊ានមួយនេះ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ ដើម្បីរិះរកវិធីដែលអាចចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន៥០៩ ករណីហើយ ក្នុងនោះ០២នាក់ស្លាប់។ ពោលក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សង្ហិបុរីជាប្រទេសឈរលំដាប់ទី៤ ដែលមានករណីឆ្លងច្រើនជាងគេ ដោយនៅបន្ទាប់ពីប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី៕