(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានប្រកាសនៅដើមសប្តាហ៍នេះថា វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ ដើម្បីទប់ស្កាត់ទំនាក់ទំនងនានាក្នុងសង្គម ដែលបង្កហានិភ័យខ្ពស់នៃការឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
ក្រោយកិច្ចប្រជុំមួយនៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែង តាមកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា «ចាប់ពីល្ងាចនេះតទៅ ខ្ញុំត្រូវតែផ្តល់ជូននូវការណែនាំដ៏សាមញ្ញមួយ សម្រាប់ប្រជាជនអង់គ្លេសទាំងអស់ នោះគឺអ្នកត្រូវតែស្នាក់នៅក្នុងផ្ទះ»។ អង់គ្លេសត្រូវស្ថិតនៅក្នុងការឃុំឃាំងខ្លួនឯង ៣សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ឲ្យកាន់តែមានប្រសិទ្ធភាព។
បើតាមសេចក្តីថ្លែងការណ៍របស់លោក Johnson ប្រជាជនអង់គ្លេសនឹងត្រូវ អនុញ្ញាតឲ្យចេញពីផ្ទះ នៅក្នុងលក្ខខណ្ឌអនុញ្ញាតមួយចំនួនប៉ុណ្ណោះ ដូចជាពួកគេអាចទៅផ្សារដើម្បីទិញទំនិញចាំបាច់ និងទៅកាន់ឱសថស្ថានជាដើម ហើយក៏អាចចេញទៅធ្វើការងារចាំបាច់ និងត្រឡប់មកផ្ទះវិញផងដែរ ខណៈប៉ូលិសអង់គ្លេសមានអំណាចក្នុងការបំបែក ការជួបជុំសាធារណៈណាមួយដែលល្មើសបំរាម។
គួរបញ្ជាក់ថា អង់គ្លេសក៏ស្ថិតនៅក្នុងចំណោមប្រទេសកំពូលៗនៅអឺរ៉ុប ដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ខ្លាំងក្លាផងដែរ ខណៈអ្នកឆ្លងបានកើនដល់ជិត ៦,០០០ករណី ក្នុងនោះអ្នកជំងឺ៣៣៥នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ BBC នៅព្រឹកថ្ងៃអង្គារ៕