(អង់ការ៉ា)៖ អាជ្ញាធរតួកគីនឹងរឹបអូសរោងចក្រ ឬក្រុមហ៊ុនផលិតម៉ាសទាំងឡាយណា ដែលមិនព្រមលក់ផលិតផលរបស់ពួកគេ ឱ្យរដ្ឋាភិបាលនៅត្រឹមយប់ថ្ងៃចន្ទនេះ ខណៈទីក្រុងអង់ការ៉ាកំពុងរឹតបន្តឹង វិធានការទប់ស្កាត់ការឆ្លងជំងឺ COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតួកគីដកស្រង់ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មានតួកគី ហឺរីយ៉េត (Hurriyet) ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក ស៊ូឡេយមែន សយលូ (Suleyman Soylu)។ លោក Soylu បានព្រមានយ៉ាងដូច្នេះថា «យើងបានព្រមានដល់ពួកគេជាថ្មីម្ដងទៀត ឱ្យចុះកុងត្រាជាមួយក្រសួងសុខាភិបាលរបស់យើងនៅត្រឹមម៉ោង ២០៖០០នាទីយប់ថ្ងៃចន្ទនេះ... ហើយពួកយើងនឹងទិញម៉ាសរបស់ពួកគេក្នុងតម្លៃសមរម្យ ជៀសវាងការទិញម៉ាសស្ដុកទុក។ ដូច្នេះពួកគេមានរយៈពេល ១០ ទៅ ១២ម៉ោងទៀតដើម្បីពិចារណា បើពុំដូច្នោះទេយើងនឹងរឹបអូសរោងចក្ររបស់ពួកគេ នៅថ្ងៃអង្គារស្អែកតែម្ដង»។
គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ តួកគីមានអ្នកសា្លប់ដោយសារ COVID-19 ៣០នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១,២៥៦ករណី។ បញ្ហាម៉ាស និងឧបករណ៍វេជ្ជសាស្ត្រនៅតួកគី ក៏កំពុងក្លាយជាបញ្ហាធំឡើងៗផងដែរ ខណៈតម្រូវការកាន់តែកើនឡើងយ៉ាងគំហុក៕