(ស៊ីដនី)៖ អាជា្ញធរអូស្ត្រាលីនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបិទ បា, ក្លឹបម្សាន្ត, ក្លឹបហាត់ប្រាណ, រោងភាពយន្ដ និងកន្លែងប្រារព្ធពិធីជួបជុំសាសនា ព្រមទាំងសេវាកម្មមិនសូវសំខាន់ទាំងអស់ជាបណ្ដោះអាសន្ន ខណៈករណីឆ្លង COVID-19 កើនឡើងរឹតតែខ្លាំង បន្ទាប់ពីប្រជាជនមួយចំនួន បានប្រមូលផ្ដុំគ្នាលេងកម្សាន្ដ នៅឯតំបន់ឆ្នេរមួយកន្លែង, ចូលបា និងភោជនីយដ្ឋាន ដោយបំពានលើបំរាមជួបជុំរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
ចំនួនឆ្លង COVID-19 នៅក្នុងប្រទេសអូស្ត្រាលី បានកើនឡើងលើស ១,១០០ករណី ហើយរដ្ឋ វីចតូរៀន (Victoria) និងរដ្ឋញូសោតវែលស៍ (New South Wales) កំពុងរ៉ាប់រងករណីឆ្លងច្រើនជាងគេ។ ប្រឈមមុខនឹងស្ថានភាពបែបនេះ និងការមិនអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល ពីសំណាក់ប្រជាជនមួយចំនួន អាជ្ញាធរអូស្ត្រាលីបានសម្រេចចិត្ត ចាត់វិធានការក្ដៅតែងម្តង។
លោកនាយករដ្ឋមន្ត្រី ស្តុក ម៉ូរីសុន (Scott Morrison) បានបញ្ជាក់ប្រាប់សភានៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «ចាប់ពីពេលនេះទៅ មិនមានទៀតឡើយ ការចូលបាកម្សាន្ត បន្ទាប់ពីការងារ គ្មានឡើយការទៅក្លឹបហាត់ប្រាណ នៅពេលព្រឹក ហើយក៏គ្មានដែរការអង្គុយផឹកកាហ្វេ នៅតាមហាងនានា»។ លោកបន្ថែមថា បញ្ហាសុខាភិបាល និងសេដ្ឋកិច្ចគឺជាបញ្ហាដ៏ធំ ចំពោះការរស់នៅ ហើយទន្ទឹមគ្នាលោកក៏បានព្រមានដែរថា កាត់ចាត់វិធានក្ដៅទាំងនេះ អាចនឹងមានរយៈពេល ០៦ខែ បើស្ថានភាពមិនមានភាពធូរស្រាលទេនោះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្រ្ដាលី លោក Scott Morrison កាលពីថ្ងៃអាទិត្យ ម្សិលមិញក៏បានព្រមានពីការអនុវត្តវិធានការបិទប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង COVID-19 ផងដែរ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាយ៉ាងសប្បាយរីករាយ នៅឯឆ្នេរខ្សាច់បុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតនៅទីក្រុងស៊ីដនី ដោយបំពានលើបំរាមក្នុងការជួបជុំមនុស្សកកកុញ។ អូស្រ្តាលីមានអ្នកឆ្លង COVID-19 សរុប ១,៣១៥ករណី ក្នុងនោះមាន ០៧នាក់ស្លាប់នៅទូទាំងប្រទេស៕