(ស៊ីរី)៖ ប្រទេសស៊ីរីដែលកំពុងញាំញី ដោយសារសង្រ្គាមដ៏រុំារ៉ៃនៅឡើយនោះ បានទទួលស្គាល់ពីការរកឃើញ ករណីឆ្លងដំបូងនៃជំងឺ COVID-19 តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានបដិសេធការអះអាងរបស់ក្រុមប្រឆាំង ដែលថាជំងឺនេះបានឆ្លងនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក នីហ្សា អាល់យ៉ាហ្ស៊ីជី (Nizar al-Yaziji) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យថា វិធានការចាំបាច់នានាត្រូវបានដាក់ឱ្យអនុវត្ត លើស្ត្រីម្នាក់មានអាយុ ២០ឆ្នាំ ដែលលោកផ្ទាល់បញ្ជាក់ថា រូបនាងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃដើម្បីទទួលការព្យាបាល និងតាមដានសុខភាពបន្ត។
លោករដ្ឋមន្ត្រីសុខាភិបាល មិនបានធ្វើការលម្អិតបន្ថែមលើសពីនេះទេ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនកំពុងព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងជំងឺរាតត្បាតសកល COVID-19 ឆ្លងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយនេះ ដែលកំពុងញាំញីដោយសារសង្រ្គាម បូករួមទាំងប្រព័ន្ធសុខាភិបាលទន់ខ្សោយ និងមានក្រុមអ្នកប្រយុទ្ធអ៉ីរ៉ង់ជាច្រើនកំពុងឈរជើង ស្របពេលនៅអ៉ីរ៉ង់មានមនុស្សឆ្លងសរុប ២១,៦៣៨ករណី ក្នុងនោះមានអ្នកជំងឺ ១,៦៨៥នាក់ស្លាប់ និង ៧,៩១៣នាក់ បានជាសះស្បើយ៕