(អេស៉្បាញ)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នាថ្ងៃអាទិត្យបានប្រកាសពីការសម្រេចចិត្តបន្ថែម១៥ថ្ងៃទៀត ទៅលើការដាក់ប្រទេសក្នុងភាពអាសន្ន ដែលបានប្រកាសដំបូងកាលពីថ្ងៃទី១៤ ខែមីនា សម្រាប់រយៈពេល១៥ថ្ងៃ ដោយសារតែ ចំនួនអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 ក្នុង ប្រទេសអេស៉្បាញ នៅតែបន្តកើនឡើងខ្ពស់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាថ្ងៃអាទិត្យ ទី២២ ខែមិនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានប្រកាសបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើង បន្ទាប់លោកបាន បើកកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃតំបន់ស្វយ័តទាំង១៧នៃប្រទេសអេស៉្បាញ។ អេស៉្បាញបានប្រកាសពី ដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ កាលពីថ្ងៃទី១៤ ខែមីនា ដែលនឹងត្រូវបញ្ចប់នៅចុងខែមីនានេះ ក៏ប៉ុន្តែតាមរយៈ ការសម្រេចចិត្តថ្មីខាងលើ វានឹងត្រូវអូសបន្លាយដល់ថ្ងៃទី១១ឬទី១២ ខែមេសា។
គួរជម្រាបថា នៅក្រោមការដាក់ប្រទេសក្នុងភាពអាសន្ននេះ មនុស្សភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះឡើយ លើកលែងតែ ករណីចាំបាច់បំផុត ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19។ នៅថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លង COVID-19 នៅអេស៉្បាញ ដែលជាប្រទេសរងគ្រោះធ្ងន់ជាងគេទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី គឺបានកើនដល់២៨,៥៧២នាក់ និងស្លាប់យ៉ាងតិច១,៧២០នាក់៕