(ឌូបៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates នាថ្ងៃអាទិត្យបានប្រកាសថា ខ្លួននឹងផ្អាកជាបណ្តោះអាសន្នចំពោះជើងហោះហើរ ដឹកអ្នកដំណើរទាំងអស់នៅជុំវិញពិភពលោក ដោយសារការរាតត្បាតនៃ COVID-19 បានបង្ខំឲ្យប្រទេសជាច្រើននាំគ្នាបិទព្រំដែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
លោក Sheikh Ahmed Saeed Al Maktoum ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Emirates Group បានលើកឡើងថា COVID-19 មានផលប៉ះពាល់យ៉ាងអវិជ្ជមានជាខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍នានា ជាពិសេសកំឡុង០៦សប្តាហ៍ចុងក្រោយនេះ ហើយ លោកយល់ថា ចំពោះមុខស្ថានការណ៍លំបាកនាពេលបច្ចុប្បន្ន គឺអាកាសចរណ៍ Emirates មិនអាចធ្វើប្រតិបត្តិការដឹកអ្នកដំណើរ ដោយជោគជ័យបានទៀតឡើយ រហូតទាល់តែប្រទេសនានានាំគ្នាបើកព្រំដែនពួកគេឡើងវិញ ហើយអ្នកទាំងអស់គ្នាមានទំនុកចិត្ត សាជាថ្មីវិញលើការធ្វើដំណើរ។
គួរជម្រាបថា ការធ្វើប្រតិបត្តិការជើងហោះហើរដឹកអ្នកដំណើររបស់អាកាសចរណ៍ Emirates នឹងត្រូវផ្អាកជុំវិញពិភពលោកចាប់ពី ថ្ងៃទី២៥ ខែមីនា តទៅ រហូតទាល់តែមានការជូនដំណឹងជាថ្មី។ ចំណែកឯ ជើងហោះហើរដឹកជញ្ជូនទំនិញវិញ ដែលនៅតែមាន ភាពមមាញឹកដដែលនោះ នឹងបន្តប្រតិបត្តិការជាធម្មតា ដោយពុំមានការប៉ះពាល់អ្វីឡើយ៕