(ក្រូអាត)៖ មនុស្សម្នាក់បានស្លាប់ និងអគារមួយចំនួនដួលរលំ បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកផ្ទួនៗគ្នា វាយប្រហារលើរដ្ឋធានី Zagreb ប្រទេសក្រូអាត។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
អាជា្ញធរក្រូអាត ដែលកំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 បានប្រាប់ឱ្យប្រជាជនចាកចេញពីផ្ទះ ប៉ុន្តែនៅតែត្រូវអនុវត្តវិធានការហាមការជួបជុំ ហើយបើអាចពេលរត់ចេញ មកក្រៅកុំភ្លេចពាក់ម៉ាសការពារផង ដើម្បីបង្ការការឆ្លងជំងឺដ៏កាចសាហាវនេះ។ បើតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) ដំបូងឡើយ ថ្ងៃអាទិត្យនេះ គ្រោះរញ្ជួយដី កម្រិត ៥.៣រ៉ិចទ័របានកើតឡើង ហើយ៤០នាទីក្រោយគ្រោះរញ្ជួយកម្រិត ៥.១រ៉ិចទ័រ ស្រាប់តែកើតឡើងម្ដងទៀត។
គ្រោះរញ្ជួយដីទាំងពីរលើកនេះ ស្ថិតចំងាយ៨គីឡូម៉ែត្រ និង៧គីឡួម៉ែត្រពីរដ្ឋធានី Zagreb៕