(ហាវ៉ាណា)៖ រដ្ឋាភិបាលកុម្មយនិស្ដគុយបា បាននិយាយថាខ្លួនបានបញ្ជូនគ្រូពេទ្យ និងគិលានុបដ្ឋាកមួយក្រុម ទៅកាន់ប្រទេសអ៉ីតាលី ជាលើកដំបូង នៅចុងសប្ដាហ៍នេះ ដើម្បី ជួយប្រយុទ្ធជាមួយនឹង COVID-19 តបតាមសំណើពីតំបន់ Lombardy ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
គុយបា បានបញ្ជូនក្រុមគ្រូពេទ្យ ដែលខ្លួនហៅថា «កងទ័ពស្លៀកឈុតស» ឱ្យចូលរួមក្នុងប្រតិបត្តិជួយសង្រ្គោះ ទៅកាន់តំបន់ជួបសោកនាដកម្មនានា នៅជុំវិញពិភពលោក ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រ ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩មកម្លេះ។ គ្រូពេទ្យគុយបា ធ្លាប់បានស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ នៅហៃទី និងអេបូឡា នៅអាហ្រិ្វកខាងលិច នៅកំឡុងឆ្នាំ២០១០។
ជាមួយក្រុមគ្រូពេទ្យ និងគិលានុដ្ឋាកខាងលើមានសមាជិក៥២នាក់ នេះគឺជាលើកដំបូងដែលគុយបា បញ្ជូនក្រុមសង្រ្គោះបន្ទាន់បែបនេះ ទៅកាន់ប្រទេស អ៉ីតាលី ដែលកំពុង រងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19។ លើសពីនេះទៅទៀត នេះក៏ជាក្រុមគ្រូពេទ្យទី៦ផងដែរ ដែលគុយបាបានបញ្ជូនទៅក្រៅប្រទេស ពោលកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ គុយបាបានបញ្ជូនក្រុមគ្រូពេទ្យរបស់ខ្លួន ទៅកាន់ប្រទេស វេណេស៊ុយអេឡា, នីការ៉ាហ្គ័រ (Nicaragua) ចាម៉ៃកា, សូរីនេម (Suriname) និងគ្រែនណាដា (Grenada)៕