(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្ដាលី លោក Scott Morrison បានព្រមានពីការអនុវត្តវិធានការបិទប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង COVID-19 បន្ទាប់ពីប្រជាជន មួយចំនួន បំពានលើបំរាមជួបជុំរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាយ៉ាងសប្បាយរីករាយនៅឯឆ្នេរខ្សាច់ បុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតនៅទីក្រុងស៊ីដនី កាលពីថ្ងៃសុក្រកន្លងទៅ។ រដ្ឋមន្ត្រី សុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg Hunt) បានរិះគន់ធ្ងន់ៗលើការប្រមូលផ្តុំគ្នាយ៉ាងគគ្រឹកគគ្រេងនេះ និងជំរុញក្រុមប្រឹក្សាក្នុងតំបន់នានាទូទាំងប្រទេស អូស្ត្រាលីធានាថា ប្រជាជនទាំងអស់ពិតជាកំពុងគោរពតាម ការហាមឃាត់របស់រដ្ឋាភិបាលសហព័ន្ធ ចំពោះការប្រមូលផ្តុំដែលមិនចាំបាច់ សម្រាប់មនុស្សលើសពី១០០នាក់ នៅក្នុងបន្ទប់ ឬសាលបិទជិត និងមនុស្សចាប់ពី ៥០០នាក់នៅទីសាធារណៈ។
ជុំវិញបញ្ហានេះដែរ លោក Scott Morrison បានព្រមានថារដ្ឋាភិបាលរបស់លោកអាចនឹងអនុវត្តវិធានការបិទប្រទេសទាំងមូល បើសិនជាប្រជាជនអូស្រ្តាលី បដិសេធ អនុវត្ត តាមបម្រាមរបស់អាជ្ញាធរ។ លោកលើកឡើងដូច្នេះថា៖ « បើសិនជាប្រជាជនអូស្ត្រាលី...បដិសេធមិនអនុវត្តតាមបំរាមរបស់រដ្ឋាភិបាន និងអាជ្ញាធរ នោះអាវុធដ៏សំខាន់ដែល យើងត្រូវប្រើដើម្បីសង្រ្គោះជីវិត និងការរស់នៅ គឺមានតែចាត់វិធានការដ៏តឹងរឹងបំផុត ដើម្បីដោះស្រាយបញ្ហា»។ លោកបន្ថែមថាវិធានការទាំងនោះក៏រួមមានទាំងការបិទ ប្រទេសផងដែរ។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនករណីឆ្លង COVID-19 ទូទាំងប្រទេសអូស្ត្រាលីមានសរុប ៨៧៤ករណីក្នុងនោះអ្នកជំងឺ ០៧នាក់ស្លាប់។ សម្រាប់រដ្ឋ NSW ដែលស្ថិតនៅជុំវិញទីក្រុងស៊ីដនី បានរ៉ាប់រងករណីឆ្លងច្រើនជាងគេរហូតដល់ ៣៨២ករណីក្នុងនោះអ្នកជំងឺ ០៦នាក់ស្លាប់៕