(អ៉ីតាលី)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បាននិយាយថា «រោងចក្រមិនសូវសំខាន់» ទាំងអស់ នៅទូទាំងប្រទេស នឹងត្រូវបិទទា្វរជាបណ្ដោះអាសន្ន ខណៈអ៉ីតាលីកំពុងប្រឈមមុខនឹង COVID-19 ដែលជាវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
វិធានការខាងលើនឹងត្រូវអនុវត្ត ចំពោះរោងចក្រនានានៅទូទាំប្រទេសអ៉ីតាលី ដែលមិនមានជាប់ពាក់ព័ន្ធនឹងការផលិតចំណីអាហារ និងបរិក្ខាពេទ្យ។ ថ្លែងតាមការផ្សាយ ផ្ទាល់តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអ៉ីតាលី) លោក Conte បានបញ្ជាក់ដូច្នេះថា៖ «ការស្លាប់នៃប្រជាជនរបស់យើង គឺជាការឈឺចាប់ ដែលកំពុងដោះស្រាយរាល់ថ្ងៃ។ ការស្លាប់នេះមិនមែនជាតួលេខនោះទេ តែគឺជាមនុស្សជាតិ»។ លោកបន្តថា ឱសថស្ថាន ហាងលក់ចំណីអាហារ សេវាហិរញ្ញវត្ថុ និងការដឹកជញ្ជូនសាធារណៈ នឹងនៅតែបន្តដំណើរការដដែល។
គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយសារតែ COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ ៤៨២៥នាក់ ក្រោយពីអ្នកជំងឺ៧៩៣នាក់ថ្មីទៀត បានស្លាប់ នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ពេញមួយថ្ងៃសៅរ៍ ម្សិលមិញ។ ចំណែកឯ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៉ីតាលីបានកើនដល់ ៥៣,៥៧៨ករណី ដែលបានកើន ឡើងយ៉ាងខ្ពស់ពីតួលេខចាស់ ៤៧,០២១ករណី៕