(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៣០២នាក់ហើយ ខណៈបណ្ដារដ្ឋទាំងអស់នៃប្រទេស មហាអំណាចលេខមួយលើលោកមួយនេះ កំពុងបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មាន CNN បានឱ្យដឹងទៀតថា ក្នុងចំនួនអ្នកស្លាប់៣០២នាក់ខាងលើ មាន៩៤នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋវ៉ាស៊ីនតោន និង៥៤នាក់ នៅរដ្ឋញូយ៉ក។ ចំណែកឯ ចំនួនឆ្លង COVID-19 ក៏នៅតែបន្តកើនឡើងដដែលផងដែរ ដោយគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនអ្នកឆ្លងសរុប បានកើនដល់ ២៣,៥៧២ករណី ហើយក្នុងនោះករណីឆ្លងច្រើនជាងគេគឺនៅក្នុងរដ្ឋញូយ៉ក។ មកទល់នឹងបច្ចុប្បន្ន រដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណី COVID-19៕