(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់៤៨២៥នាក់ ក្រោយពីអ្នកជំងឺ៧៩៣នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអត្រាស្លាប់នេះជាតួលេខខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅក្នុងពិភពលោក។ នេះយោងតាមសារព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
ចំណែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៉ីតាលីបានកើនដល់ ៥៣,៥៧៨ករណី ដែលបានកើនឡើងយ៉ាងខ្ពស់ពីតួលេខចាស់ ៤៧,០២១ករណី។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨៥ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៧,០១៣ ករណី ដែលក្នុងនោះ ១១,២០១នាក់ស្លាប់៕