(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៨១ករណីថ្មីៗទៀត ដែលជាហេតុនាំឲ្យការឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៤៥០ករណី ក្នុងនោះអ្នកជំងឺ ៣៨នាក់ហើយបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅល្ងាចថ្ងៃសៅរ៍នេះទៀតថា ប្រធានាធិបតីប្រទេសអាស៊ានមួយនេះគឺលោក ចូកូ វីដូដូ (Joko Widodo) នឹងប្រើប្រាស់អំណាចថ្នាក់ទាំងអស់ថ្នាក់រដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នេះ ខណៈកន្លងមក តំបន់ដែលកើនមានករណីឆ្លងជំងឺនេះ ត្រូវបានអាជ្ញាធរចុះទៅចាត់វិធានការតាម បទដ្ឋានអន្តរជាតិ (WHO) ភ្លាមៗតែម្តង។
គួរបញ្ជាក់ថា រដ្ឋធានីហ្សាការតាដែលមានប្រជាជនរស់នៅជាង ១០លាននាក់ ត្រូវបានប្រកាសដាក់ទៅក្នុងគ្រាអាសន្ន កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងតំណាក់កាលទី ១ បានជ្រើសយកអគារស្នាក់នៅខ្ពស់ៗមួយ ក្រុមមានឈ្មោះថា វីស្មា (Wisma Atlet Kemayoran) នៅកណ្តាលទីក្រុងហ្សាការតា ដើម្បីត្រៀមទុកទទួលអ្នកជំងឺ COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ២២,០០០នាក់៕