(ប៉េកាំង)៖ កំពូលមហាសេដ្ឋីចិនលោក ជែក ម៉ា (Jack Ma) បានប្រកាសបរិច្ចាគម៉ាស ប្រមាណ ១.៨លានម៉ាស និងឧបករណ៍ធ្វើតេស្តតាមបែបវេជ្ជសាស្ត្ររក COVID-19 សរុប ២១០,០០០កំផ្លេទៀត ទៅដល់ប្រទេសមួយចំនួននៅអាស៊ី ក្នុងនោះមានដូចជា អាហ្វហ្គានីស្ថាន បង់ក្លាដែស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា និងកម្ពុជាផងដែរ។ នេះបើតាមការចេញផ្សាយដោយ Bloomberg នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
យោងតាមសារបង្ហោះលើ Twitter របស់លោក Jack Ma ជំនួយទាំងអស់ខាងលើនេះ នឹងត្រូវបញ្ជូនតាមរយៈមូលនិធី Jack Ma Foundation និងមូលនិធី Alibaba Foundation។ មិនត្រឹមតែប្រទេសក្រីក្រនោះឡើយ ដោយប្រទេសអ្នកមានៗជាច្រើនក៏ខ្វះខាតសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ដូចខាងលើនេះដែរ ខណៈតម្រូវការមានការកើនឡើងយ៉ាងគំហុកពេក ធ្វើឲ្យការផ្គត់ផ្គង់ឧបករណ៍ទាំងនោះនៅក្នុងទីផ្សារត្រូវរាំងស្ទះ។
គួរបញ្ជាក់ថា មូលនិធិរបស់លោក Jack Ma កន្លងមកនេះបានផ្តល់ជំនួយដូចគ្នានេះ ទៅកាន់សហរដ្ឋអាមេរិក ជប៉ុន អ៉ីរ៉ង់ និងអ៉ីតាលីរួចមកហើយ ដើម្បីជាចំណែកចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
នៅក្នុងសារបង្ហោះលើ Twitter នាថ្ងៃសៅរ៍នេះលោក Jack Ma បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបរិច្ចាគជំនួយសង្គ្រោះបន្ទាន់ (ម៉ាស ១.៨លាន, ឧបករណ៍ធ្វើតេស្ត ២១០,០០០ពាន់កំផ្លេ, ឈុតការពារខ្លួន ៣៦ពាន់កំផ្លេ បូករួមទាំងឧបករណ៍ស្ទង់កម្តៅ និងទែម៉ូម៉ែត្រផងដែរ) ទៅដល់អាហ្វហ្គានីស្ថាន បង់ក្លាដែស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា និងកម្ពុជា។ ការបញ្ជូនទៅឲ្យលឿននោះគឺពិតជាពិបាក ប៉ុន្តែយើងនឹងសម្រេចវាឲ្យបាន»៕