(កង់បេរ៉ា)៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg Hunt) បានរិះគន់ធ្ងន់ៗលើការប្រមូលផ្តុំគ្នាយ៉ាងគគ្រឹកគគ្រេងដែល «មិនអាចទទួលយកបាន» ដោយបំពានលើបំរាមរបស់រដ្ឋាភិបាល ខណៈប្រទេសដីកោះធំបំផុតនៅ លើពិភពលោកមួយនេះ កំពុងតែញាំញីដោយជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃសៅរ៍នេះលោក Greg Hunt បានជំរុញក្រុមប្រឹក្សាក្នុងតំបន់នានា ទូទាំងប្រទេសអូស្ត្រាលីធានាថា ប្រជាជនទាំងអស់ពិតជាកំពុងគោរពតាម ការហាមឃាត់របស់រដ្ឋាភិបាលសហព័ន្ធ ចំពោះការប្រមូលផ្តុំដែលមិនចាំបាច់ សម្រាប់មនុស្សលើសពី ១០០នាក់នៅក្នុងបន្ទប់ ឬសាលបិទជិត និងមនុស្សចាប់ពី ៥០០នាក់នៅទីសាធារណៈ។
ការអត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រីសុខាភិបាល បានធ្វើឡើងបន្ទាប់ពីលោកឃើញរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាយ៉ាងសប្បាយរីករាយនៅឯឆ្នេរខ្សាច់ បុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតនៅទីក្រុងស៊ីដនី កាលពីថ្ងៃសុក្រម្សិលមិញនេះ។
ជាការឆ្លើយតប អាជ្ញាធររដ្ឋញូសោតវែលស៍ (NSW) បានបញ្ជាឱ្យបិទឆ្នេរនេះភ្លាមៗ ក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺ COVID-19។ លោក Hunt បានថ្លែងទៀតថា «អ្វីដែលបានកើតឡើងនៅឆ្នេរ Bondi គឺជារឿងដែលយើងមិនអាចទទួលយកបានទេ ហើយក្រុមប្រឹក្សាមូលដ្ឋានត្រូវតែចាត់វិធានការ ដើម្បីបញ្ឈប់មិនឲ្យមានសកម្មភាពបែបនេះទៀត»។ លោករដ្ឋមន្ត្រីសុខាភិបាលបានណែនាំឲ្យគ្រប់គ្នា ចាប់តាំងពីបុគ្គលម្នាក់ៗ រហូតដល់ក្រុមគ្រួសារ និងអាជ្ញាធរទាំងអស់ ត្រូវតែព្យាយាមបោះជំហានប្រកបដោយភាពវិជ្ជមាន ដើម្បីទប់ស្កាត់ COVID-19។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះចំនួនករណីឆ្លង COVID-19 ទូទាំងប្រទេសអូស្ត្រាលីមានសរុប ៨៧៤ករណីក្នុងនោះអ្នកជំងឺ ០៧នាក់ស្លាប់។ សម្រាប់រដ្ឋ NSW ដែលស្ថិតនៅជុំវិញទីក្រុងស៊ីដនី បានរ៉ាប់រងករណីឆ្លងច្រើនជាងគេរហូតដល់ ៣៨២ករណីក្នុងនោះអ្នកជំងឺ ០៦នាក់ស្លាប់៕