(រ៉ូម)៖ បច្ចុប្បន្ន ប្រទេសអ៉ីតាលីកំពុងបន្តរងគ្រោះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ COVID-19។ មកទល់នឹងពេលនេះ គឺរយៈពេលប្រមាណជាមួយខែ ចាប់តាំងតែមានការរីករាលដាលខ្លាំងនៅក្នុងប្រទេសខ្លួន អ៉ីតាលីមានអ្នកឆ្លងសរុប៤៧,០២១នាក់ ដែលនៅលេខរៀងទីពីរបន្ទាប់ពីចិន ហើយអ្នកស្លាប់៤,០៣២នាក់ ដែលច្រើនជាងគេបង្អស់នៅលើពិភពលោក។
ខាងក្រោមគឺជាកាលបរិច្ឆេទមួយចំនួនស្ថានការណ៍ COVID-19 នៅអ៉ីតាលី ក្នុងរយៈពេលមួយខែកន្លងមកនេះ ៖
*ថ្ងៃទី២១ ខែកុម្ភៈ៖ អ៉ីតាលីរាយការណ៍ពីការរកឃើញករណីដំបូងនៃការឆ្លងក្នុងសហគមន៍ រួមជាមួយអ្នកជំងឺដំបូងដែលបានស្លាប់ នៅតំបន់ Veneto ភាគខាងជើងប្រទេស។ យ៉ាងណាមិញ កាលពីថ្ងៃទី៣១ ខែមករា អ៉ីតាលីបានរកឃើញអ្នកឆ្លងដំបូង គឺលើភ្ញៀវទេសចរចិន២នាក់ ដែលជាករណីនាំចូល។
*ថ្ងៃទី២២ ខែកុម្ភៈ៖ អ៉ីតាលីប្រកាសពីការបិទតំបន់ Lombardy និង Veneto ដែលប៉ះពាល់ដល់មនុស្ស៥០,០០០នាក់។
*ថ្ងៃទី០៤ ខែមីនា៖ ដោយករណីឆ្លងកើនដល់ជាង២,៥០០នាក់ អ៉ីតាលីប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេស។
*ថ្ងៃទី០៨ ខែមីនា៖ ខណៈករណីឆ្លងកើនដល់ជិត៥,៩០០នាក់ អ៉ីតាលីបញ្ជាឲ្យពង្រីកការបិទភាគខាងជើង ដែលប៉ះពាល់ដល់មនុស្សចំនួន១៦លាននាក់ និងបិទសារមន្ទីរ ព្រមទាំងរោងភាពយន្តទូទាំងប្រទេសថែមទៀត។
*ថ្ងៃទី១០ ខែមីនា៖ ស្របពេលដែលករណីឆ្លងកើនដល់ជិត៧,៤០០នាក់ ប្រទេសអ៉ីតាលីទាំងមូលត្រូវស្ថិតក្រោមការបិទ ដោយប្រជាជនអ៉ីតាលីទាំង៦០លាននាក់ ត្រូវបានជំរុញឲ្យស្ថិតក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់។
*ថ្ងៃទី១១ ខែមីនា៖ អ្នកឆ្លងកើនជិតដល់១២,៥០០នាក់ ហើយរដ្ឋាភិបាលអ៉ីតាលីបានសម្រេចផ្អាកស្ទើរតែរាល់សកម្មភាពពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេស ក្រៅតែពីផ្សារទំនើប និងឱសថស្ថាន។
*ថ្ងៃទី១៩ ខែមីនា៖ អ៉ីតាលីបានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេដោយសារ COVID-19 ជំនួសចិន។
*ថ្ងៃទី២០ ខែមីនា៖ អ្នកឆ្លង COVID-19 នៅអ៉ីតាលីកើនដល់៤៧,០២១នាក់ និងស្លាប់៤,០៣២នាក់។
ប្រភព៖ The Nation Thailand (ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០)