(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃសៅរ៍នេះ បានរាយការណ៍ថា អ្នកជំងឺ COVID-19 ទី១៩ ទើបតែបានស្លាប់ នៅក្នុងប្រទេសខ្លួន ខណៈដែលតួលេខសរុបអ្នកឆ្លងបានកើនដល់២៦២នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
កន្លងមកនេះ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទកោះធំរបស់ខ្លួនគឺកោះ Luzon ដែលមានរដ្ឋធានីម៉ានីលនៅទីនោះដែរ និងមានប្រជាជនរស់នៅសរុបប្រមាណ៥០លាននាក់ ស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បានប្រកាសថា ហ្វីលីពីននឹងបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនបរទេស ហើយហាមជនបរទេសទាំងអស់ មិនឲ្យចូលក្នុងប្រទេសខ្លួន ដោយសារតែ COVID-19។
គួរជម្រាបថា រដ្ឋាភិបាលហ្វីលីពីនក៏បានបញ្ចេញកញ្ចប់ថវិកាទំហំ២៧.១ពាន់លានប៉េសូ ស្មើនឹង៥២៦.៦លានដុល្លារ ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ និងផ្តល់ការអនុគ្រោះផ្សេងៗ ចំពោះមុខការថយចុះនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសថែមទៀតផង៕