(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានផ្តល់ដំណឹងថា អ្នកជំងឺ COVID-19 ចំនួន ០២នាក់បានបាត់បង់ជីវិតហើយ នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង ក្នុងប្រទេសអាស៊ីមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមអ្នកស្លាប់ទាំងពីរនាក់ គឺមានម្នាក់ជាស្រ្តីជនជាតិសិង្ហបុរីអាយុ ៧៥ឆ្នាំ។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ គាត់ត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលឯកទេសខាងជំងឺឆ្លង NCID របស់សិង្ហបុរី ព្រោះមានរោគសញ្ញារលាកសួត ហើយក្នុងថ្ងៃដដែល ត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានផ្ទុក COVID-19។ ចាប់ពេលនោះ ស្ត្រីវ័យចំណាស់រូបនេះបានស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ICU របស់មជ្ឈមណ្ឌល NCID និងនៅទីបំផុតគាត់បានទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍នេះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា ស្ត្រីវ័យ ៧៥ឆ្នាំរូបនេះធ្លាប់មានជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។
សម្រាប់អ្នកជំងឺម្នាក់ទៀត គឺជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ៦៤ឆ្នាំ។ គាត់ត្រូវបានគេបញ្ជូនទៅ ICU នៅមជ្ឈមណ្ឌល NCID កាលពីថ្ងៃទី ១៣ ខែមីនា ក្រោយពីមកដល់សិង្ហបុរី ពីឥណ្ឌូណេស៊ីក្នុងថ្ងៃដដែល។ មួយថ្ងៃក្រោយមក គាត់ត្រូវបានគេពិនិត្យឃើញមានផ្ទុក COVID-19។ កំឡុងពេលទទួលការព្យាបាលប៉ុន្មានថ្ងៃមកនេះនៅ ICU ស្ថានភាពសុខភាពជំងឺបុរសរូបនេះកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរទៅៗ មិនខុសពីអ្នកជំងឺខាងលើឡើយ ហើយក៏បានទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍នេះដូចគ្នា។ គាត់ក៏ធ្លាប់មានជំងឺបេះដូងដែរ។
គួរជម្រាបថា នេះគឺជាករណីដំបូងសម្រាប់សិង្ហបុរី ដែលអ្នកជំងឺស្លាប់នៅក្នុងប្រទេសខ្លួនក្រោយឆ្លង COVID-19។ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងសរុប ៣៨៥ករណីក្នុងនោះ ១៣១នាក់បានជាសះស្បើយ ខណៈ១៦នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕