(ឥណ្ឌូនេស៊ី)៖ អភិបាលរដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះបានប្រកាសដាក់រដ្ឋធានីស្ថិតក្នុងភាពអាសន្ន សម្រាប់រយៈពេល២សប្តាហ៍ខាងមុខ ដោយសារតែការរាតត្បាតពីវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។
អភិបាលរដ្ឋធានីហ្សាការតា លោក អានីស បាសវីដេន (Anies Baswedan) បានលើកឡើងថា កន្លែងកម្សាន្តសាធារណៈ ដូចជា បារាត្រី, ស្ប៉ា និងរោងភាពយន្ត នឹងបិទ ចាប់ពីថ្ងៃចន្ទ ហើយការដឹកជញ្ជូនសាធារណៈត្រូវបានកំណត់។ លោកបានជម្រុញឲ្យក្រុមហ៊ុនទាំងអស់ អនុញ្ញាតឲ្យបុគ្គលិក បំពេញការងារពីផ្ទះ ប្រសិនបើអាចធ្វើទៅបាន។
យោងតាមក្រសួងសុខាភិបាល, គិតត្រឹមថ្ងៃសុក្រនេះ,ឥណ្ឌូនេស៊ី បានអ្នកឆ្លងវីរ៉ុស ចំនួន៣៦៩នាក់ និង៣២នាក់បានស្លាប់។ ហ្សាការតា ជាទីក្រុងដែលមានប្រជាជន ប្រមាណ១០លាននាក់នោះ មានអ្នកឆ្លង២១៥នាក់ និង១៨នាក់បានស្លាប់៕