(វ៉ាស៊ីនតោន)៖ លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមីនា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា លោកត្រូវបានគេធ្វើតេស្តឃើញមានផ្ទុក COVID-19។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
លោក Beasley ដែលធ្លាប់មានតួនាទីជាអភិបាលរដ្ឋ South Carolina របស់សហរដ្ឋអាមេរិក បានប្រាប់ថា ឥឡូវនេះលោកកំពុងតែ សហការជាមួយក្រុមការងារនៃអង្គការ WFP របស់លោក ដើម្បីស្វែងរកបុគ្គល ដែលលោកទំនងបានធ្វើប្រាស្រ័យទាក់ទងជាមួយ កំឡុង ពេលដែលរូបលោកមិនដឹងខ្លួនថាបានឆ្លងជំងឺនេះ។
គួរជម្រាបថា បើតាមលោកគូសបញ្ជាក់របស់លោក Beasley ផ្ទាល់ លោកបានមានអារម្មណ៍ថា មិនសូវស្រួលខ្លួន បន្ទាប់ពីលោក បានត្រឡប់មកដល់លំនៅឋាន នៅសហរដ្ឋអាមេរិកវិញ ក្រោយបំពេញដំណើរទស្សនកិច្ចផ្លូវការមួយនៅប្រទេសកាណាដា ហើយ លោកក៏បានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែក កាលពី៥ថ្ងៃមុន។ លោក Beasley បានបន្តថា មកទល់ពេលនេះ លោក មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ៕