(គួរឡាឡាំពួរ)៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក អ៉ីស្មាអែល ស៊ុបរី យ៉ាក់កូប (Ismail Sabri Yaakob) បានឱ្យដឹងថា ម៉ាឡេស៉ីនឹងដាក់ពង្រាយកងកម្លាំងយោធា ចាប់ពីថ្ងៃអាទិត្យ សប្តាហ៍នេះតទៅ ដើម្បីជួយដល់កម្លាំងប៉ូលិស ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ខណៈសន្ទុះនៃការឆ្លងក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២០។
ប្រមុខការពារជាតិរូបនេះ បានគូសបញ្ជាក់ថា កម្លាំងយោធាទាំងបីប្រភេទ ដែលរួមមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស នឹងចូលរួមក្នុងកិច្ចប្រតិបត្តិការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានវិធានការជាច្រើនត្រូវបានដាក់ចេញ នៅពាសពេញផ្ទៃប្រទេស ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ។ ក្នុងចំណោមវិធានការទាំងនោះ រួមមាន ការរឹតត្បឹតលើការធ្វើដំណើរ និងលើការធ្វើអាជីវកម្មមួយចំនួន ក្នុងកំឡុងសប្តាហ៍នេះ ខណៈតួលេខសរុប នៃអ្នកឆ្លងបានកើនឡើងដល់ ៩០០ នាក់ ដោយក្នុងនោះ ០២ នាក់បានស្លាប់បាត់បង់ជីវិត។
បទបញ្ជាគ្រប់គ្រងសកម្មភាពនានាដែលមានសុពលភាពរយៈពេល ១៤ ថ្ងៃ បានចាប់កាលពីថ្ងៃពុធសប្តាហ៍នេះ រួមមានទាំងការបិទអគាររដ្ឋាភិបាល និងឯកជនទាំងអស់ លើកលែងតែអ្នកដែលផ្តល់សេវាកម្មចាំបាច់ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានព្រមានថា កម្លាំងយោធាអាចនឹងត្រូវកេណ្ឌមកជួយ ប្រសិនបើប្រជាជនម៉ាឡេស៊ី មិនគោរពតាមបទបញ្ជានេះ។ តែទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ ដែរថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែមានជំនឿចិត្តទាំងស្រុងថាមន្ត្រីប៉ូលីសម៉ាឡេស៊ី គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការមួយនេះ។
គួរជម្រាបថា ករណីភាគច្រើននៅក្នុងប្រទេសម៉ាឡេស៊ី គឺមានជាប់ទាក់ទងនឹងពិធីជួបជុំតាមបែបសាសនារបស់ក្រុមអ្នកកាន់សាសនាឥស្លាម មួយក្រុមដែលហៅ ខ្លួនឯងថា «តាប់លីហ្គ» កាលពីចុងខែកន្លងទៅនេះដែលមានអ្នកចូលរួមប្រមាណ ១៦,០០០ នាក់៕