(បាងកក)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ៣២២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមប្រភពពីមន្ត្រីសុខាភិបាលថៃម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ (Suwannachai Wattanayingcharoenchai) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីទាំង ៥០ករណីថ្មីៗខាងលើ មាន៤១ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ខណៈ៩នាក់ផ្សេងទៀត គឺមានជាប់ទាក់ទិននឹងអ្នកមកពីបរទេស និងធ្លាប់ទំនាក់ទំនងជិតស្និទជាមួយជនបរទេស។
គួរបញ្ជាក់ថា ថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤៣នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២៧៨នាក់ទៀត នៅតែបន្តការសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ៕