(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Toyota, Honda និង Nissan បានប្រកាសថា រោងចក្ររបស់ពួកគេនៅក្នុងតំបន់អាមេរិកខាងជើង និងសហរដ្ឋអាមេរិក នឹងបញ្ឈប់ការផលិតជាបណ្ដោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរាតត្បាតរបស់ជំងឺសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសខាងលើនេះ ក្រុមហ៊ុន Toyota នឹងផ្អាកសកម្មភាពផលិតរបស់ខ្លួនទាំងអស់់ នៅតាមរោងចក្រក្នុងតំបន់អាមេរិកខាងជើង ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ខណៈ ក្រុមហ៊ុន Nissan នឹងបញ្ឈប់ការផលិតនៅតាមរោងចក្ររបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រនេះតទៅ រហូតដល់ថ្ងៃទី០៦ ខែមេសា។
ចំណែកឯក្រុមហ៊ុន Honda នឹងផ្អាកការផលិតសម្រាប់រយៈពេល ០៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា តទៅ។ Honda បានឱ្យដឹងទៀតថា ក្រុមហ៊ុនជាដៃគូរបស់ខ្លួនចំនួន ២៧,៦០០ក្រុមហ៊ុននៅតំបន់អាមេរិកខាងជើង នឹងទទួលរងផលប៉ះពាល់ ហើយការផលិតរថយន្ដវិញ នឹងធ្លាក់ចុះ ៤០,០០០គ្រឿងក្នុងកំឡុងពេលនេះ។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងតែទទួលរងការវាយប្រហារ ដោយជំងឺឆ្លង COVID-19 កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងជំងឺនេះសរុប បានកើនយ៉ាងគំហុករហូតដល់ ១១,២៧៤ករណី ក្នុងនោះអ្នកជំងឺ ១៥៧នាក់បានស្លាប់៕