(ញូយ៉ក)៖ ប្រជាជនរាប់លាននាក់ ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រ អាចនឹងបាត់បង់ជីវិតដោយសារ COVID-19 បើសិនជាជំងឺនេះរីករាលដាល ដោយគ្មានវិធានការ ឬការត្រួតពិនិត្យ។ នេះបើតាមការព្រមាន ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ UN ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
ទន្ទឹមគ្នានឹងការព្រមាននេះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ក៏បានអំពាវនាវផងដែរឱ្យមានសាមគ្គីភាពជាសកល ដើម្បីប្រឆាំងនឹង COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់ទុកថា ជាសត្រូវប្រឆាំងនឹងមនុស្សជាតិ។ លោក Guterres បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាយើងទាំងអស់គ្នា ទុកឱ្យវីរុសនេះរីករាលដាល ឬរាតត្បាតដូចជាភ្លើងឆេះព្រៃ ជាពិសេសនៅតាមតំបន់ ឬបណ្ដាប្រទេសក្រក្រី ដោយគ្មានការត្រួតពិនិត្យ នោះវាអាចនឹងសម្លាប់ជីវិតមនុស្សរាប់លាននាក់... ដូច្នេះសាមគ្គីភាពជាសកល វាមិនមែនមានតម្លៃត្រឹមតែជាសីលធម៌នោះទេ តែវាគឺជាផលប្រយោជន៍សម្រាប់មនុស្សរាល់គ្នា»។
គួរជម្រាបថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោក បានកើនដល់ច្រើនជាង ២១៧,៥០០នាក់ ក្នុងនោះច្រើនជាង ៩,០០០នាក់បានស្លាប់ ហើយបច្ចុប្បន្ន ប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺ អ៉ីតាលី អ៉ីរ៉ង់ អេស្ប៉ាញ សហរដ្ឋអាមេរិក និងបារាំង៕