(ព្រុចសែល)៖ មនុស្សជាង ១០០,០០០នាក់នៅទ្វីបអឺរ៉ុបបានឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាការបង្ខំឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយក្នុងទ្វីបនេះ ចាត់វិធានការកាន់តែតានតឹងឡើងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
របាយការណ៍ចុងក្រោយបានឲ្យដឹងទៀតថា ប្រទេសជាង ៤០ឯណោះនៅទ្វីបអឺរ៉ុប បានកើតមានករណីឆ្លង COVID-19 ពីចំនួនតិចតួចទៅធ្ងន់ធ្ងរខ្លាំង ហើយគ្មានប្រទេសណាមួយនៅទ្វីបនេះ បង្ហាញសញ្ញាធូរស្រាយនោះឡើយ ខណៈប្រទេសអ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង សុទ្ធតែមានចំនួនករណីឆ្លងលើសពីខ្ទង់ ១០,០០០ករណីរៀងៗខ្លួន រួចជាស្រេចទៅហើយ។
វិធានការកាន់តែតឹងរ៉ឹងសម្រាប់ប្រទេស ដែលកំពុងរងគ្រោះខ្លាំងស្រាប់ មានដូចជា អ៉ីតាលីដែលពីដំបូងឡើយគ្រោងបិទប្រទេសរហូតដល់ថ្ងៃទី០៣ ខែមេសា នោះអាចនឹងពិចារណាពន្យារឲ្យយូរជាងនេះទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ខណៈតួលេខចុងក្រោយបង្ហាញថា ចំនួនមនុស្សស្លាប់បានកើនដល់ ៣,៤០៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៤១,០៣៥ករណី។
បន្តមកទៀតគឺប្រទេសអេស្ប៉ាញ ដែលកំពុងស្ថិតនៅជាប្រទេសរងគ្រោះធ្ងន់ធ្ងរទី២ ប្រចាំទ្វីបអឺរ៉ុបជាមួយនឹងចំនួនស្លាប់ ៧៦៧នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុប ១៧,១៤៧ករណី។ ងាកទៅកាន់ប្រទេសអាល្លឺម៉ង់វិញករណីឆ្លង COVID-19 បានកើនឡើង់ដល់ ១០,៩៩៩ករណី ក្នុងនោះអ្នកជំងឺ ៤០ស្លាប់។
ដោយឡែកប្រទេសបារាំងវិញ ក៏គ្មានសញ្ញាថមថយនោះដែរ ដោយចំនួនអ្នកឆ្លង COVID-19 បានកើនឡើងដល់ ១០,៩៩៥ករណីក្នុងនោះអ្នកជំងឺស្លាប់ ៣៧២នាក់។ ជុំវិញបញ្ហានេះលោកប្រធានាធិបតីបារាំង អ៊ែមម៉ានុយអែល ម៉ាក្រុង ក៏បានប្តេជ្ញាបញ្ចេញថវិកា៥.៣៥ពាន់លានដុល្លារ សម្រាប់មួយទសវត្សរ៍ខាងមុខ ដើម្បីជម្រុញការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ប្រឆាំងនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាផងដែរ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយ មនុស្សសរុបជាង១០,០០០នាក់ហើយបានស្លាប់ទូទាំងពិភពលោក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជាង២៤៥,០០០នាក់ និងជាសះស្បើយវិញជាង៨៨,០០០នាក់៕