(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ចំនួន ៣៤០៥នាក់ ក្រោយពីអ្នកជំងឺប្រមាណ ៤២៧នាក់នាក់ទៀតបានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណខ្ពស់នេះបានឲ្យអ៉ីតាលី ក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងនូវជំងឺដ៏សាហាវនេះ។
ប្រទេសចិនចំនួនអ្នកឆ្លងសរុប៨០,៩២៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន៣២៤៥នាក់ ខណៈដែលអ៉ីតាលីកាលពីម្សិលមិញមានចំនួនតែ២,៩៧៨នាក់ស្លាប់ ដោយបូកបន្ថែមអ្នកស្លាប់៤២៧នាក់ទៀត ក្នុងរយៈពេលមួយថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់កើនដល់៣៤០៥នាក់។
គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២០,៩៩៥ករណី ដែលក្នុងនោះប្រមាណ៩០,០០០នាក់ស្លាប់ និង ៨៥,៧៨២នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕