(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ កំពុងអនុវត្តវិធានការសំងំក្នុងគេហដ្ឋានរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព បន្ទាប់ពីសមាជិកសភាម៉ាឡេស៊ីម្នាក់ ដែលលោកបានធ្វើប្រាស្រ័យទាក់ទងជាមួយយ៉ាងជិតស្និទ្ធនោះ ទើបត្រូវបានធ្វើតេស្តរកឃើញ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន New Straits Times នៅថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យរបស់លោក មហាធៀ នាយប់ថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានម៉ាឡេស៊ី New Straits Times តាមសារ ជាអក្សរថា «មែនហើយ នេះគឺជាថ្ងៃទី២ នៃការអនុវត្តវិធានការនៅដាច់ដោយឡែក ហើយលោក មហាធៀ មិនអីនោះទេ»។ លោក មហាធៀ ត្រូវគេដឹងថា បានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយសមាជិកសភាម៉ាឡេស៊ីម្នាក់គឺលោក Kelvin Yii Lee Wuen ដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យធំនៃរដ្ឋ Sarawak ក្រោយឆ្លង COVID-19។
គួរជម្រាបថា លោក Kelvin Yii បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា លោកត្រូវបានគេធ្វើតេស្តរកឃើញ COVID-19 កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយសមាជិកសភាម៉ាឡេស៊ីម្នាក់ទៀត គឺលោក Andrew Wong កាលពីថ្ងៃទី០២ ខែមីនា៕