(ប៉េកាំង)៖ យោធាចិនបានផ្ដល់ឱ្យយោធាអ៉ីរ៉ង់ នូវជំនួយផ្នែកវេជ្ជសាស្ត្រ ក្នុងនោះរួមមានឧបករណ៍តេស្ដរក COVID-19, ម៉ាស និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយសង្គ្រោះសាធារណរដ្ឋអ៉ីស្លាមមួយនេះ ដែលកំពុងញំញីដោយសារជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
សម្ភារៈបរិក្ខាវេជ្ជសាស្ត្រខាងលើនេះ បានទៅដល់ប្រទេសអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ថែមពីលើនេះយោធាចិនក៏បានសង្កត់ធ្ងន់ដែរថា នឹងធ្វើការជាមួយភាគីទាំងអស់នៅលើពិភពលោក ដើម្បីដោះស្រាយបញ្ហាសន្តិសុខសកលលោក ក៏ដូចជាចូលរួមចំណែកក្នុងការកសាងសហគមន៍មួយ ជាមួយការចែករំលែកអនាគតសម្រាប់មនុស្សជាតិ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធម្សិលមិញចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់បានកើនដល់ ១៧,៣៦១ករណីក្នុងនោះមាន ១,១៣៥នាក់បានស្លាប់៕