(បាងកក)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ២៧២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៦០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមប្រភពពីមន្ត្រីសុខាភិបាលថៃម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃលោក សុវណ្ណាឆ័យ (Suwannachai Wattanayingcharoenchai) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីទាំង ៦០ករណីថ្មីៗខាងលើ ត្រូវបានរកឃើញលើមនុស្សពីរក្រុម ដោយក្រុមទីមួយមាន ៤៣ករណីដែលមានជាប់ពាក់ព័ន្ធនឹងករណីមុនៗ ខណៈក្រុមទីពីរ គឺមានជាប់ទាក់ទិននឹងអ្នកឆ្លងថ្មី ១៧នាក់ ក្នុងនោះរួមមានទាំងអ្នកទើបតែធ្វើដំណើរមកពីអ៉ីតាលី ម៉ាឡេស៊ី ជប៉ុន អ៉ីរ៉ង់ និងតៃវ៉ាន់។
គួរបញ្ជាក់ថា គិតមកទលនឹងល្ងាចថ្ងៃព្រហស្បតិ៍នេះ ថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤២នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២២៩នាក់ទៀត នៅតែបន្តការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ៕