Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធី Ijtima ក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវផ្អាកទៅវិញ ខណៈបារម្ភពីការឆ្លង COVID-19 ដូចនៅម៉ាឡេស៊ី (Video inside)

19-03-2020 13:48

(ហ្សាការតា)៖ ពិធីជួបជុំស្ដាប់ធម្មទេសនា Ijtima ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ របស់ក្រុមអ្នកកាន់សាសនាអ៉ីស្លាម ហៅខ្លួនឯងថា តាប់ប្លៀក ជឺម៉ាអាស់ (Tablighi Jama’at) នៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានផ្អាកហើយ ខណៈបារម្ភពីការឆ្លង COVID-19 ដូចនៅប្រទេសម៉ាឡេស៊ី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

អស់រយៈពេលជាច្រើនថ្ងៃមកហើយ អាជ្ញាធរឥណ្ឌូណេស៊ី បានព្យាយាមបញ្ចុះបញ្ចូលឱ្យក្រុមតាប់ប្លៀក ជឺម៉ាអាស់ បញ្ឈប់ការធ្វើពិធី Ijtima នៅឯតំបន់ Gowa ស្ថិតនៅក្បែរទីក្រុង Makassar នៃខេត្ត Sulawesi ខាងត្បូង បន្ទាប់ពីក្រោយបញ្ចប់ព្រឹត្តិការណ៍ដូចគ្នានេះ នៅម៉ាឡេស៊ី អ្នកចូលរួមរាប់រយនាក់ ត្រូវបានគេធ្វើ តេស្ដរកឃើញផ្ទុក COVID-19។ លោក អាត់ណាន ពូរីចតា អៀសសាន (Adnan Purichta Ichsan) ដែលជាអ្នកគ្រប់គ្រងតំបន់ Gowa គូសបញ្ជាក់ដូច្នេះ ថា៖« នៅចុងបញ្ចប់ មានការឯកភាពហើយថា ពិធី Ijtima ត្រូវលើកពេល ឬលុបចោលតែម្ដង»។ លោកបន្ថែមថា អ្នកដែលបានចូលរួមក្នុងពិធីនេះរួចហើយ នឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ នៅពេលពួកគេចេញពីតំបន់ Gowa។

មនុស្សច្រើនជាង ៨,៥០០នាក់ មកពីទូទាំងប្រទេសឥណ្ឌូណេស៊ី តំបន់អាស៊ី និងមជ្ឈិមបូព៌ា គ្រោង និងបានចូលរួមក្នុងពិធី Ijtima នេះ។ គិតត្រឹមថ្ងៃពុធ ម្សិលមិញ មនុស្សសរុប ២២៧នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានធ្វើតេស្តរកឃើញ COVID-19 ខណៈអ្នកជំងឺ ១១នាក់បានជាសះស្បើយ និង១៩នាក់ បានស្លាប់៕