Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ប្រកាស៖ «សហរដ្ឋអាមេរិក និងកាណាដាឯកភាពបិទព្រំដែន ជាបណ្តោះអាសន្នចំពោះមុខបញ្ហា COVID-19» (Video inside)

19-03-2020 11:22

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសលោកនឹងបិទព្រំដែនជាមួយកាណាដា សម្រាប់ការធ្វើចរាចរណ៍ដែលមិនសូវមានភាពចាំបាច់ខ្លាំង ជាបណ្តោះអាសន្នសិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Twitter លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តបែបនេះ គឺត្រូវបានធ្វើឡើងក្រោមការឯកភាពគ្នារវាង ភាគីទាំងសងខាង ហើយការធ្វើពាណិជ្ជកម្ម នឹងមិនរងការប៉ះពាល់ពីការបិទព្រំដែននេះឡើយ។ បើតាមតាមលោក ដូណាល់ ត្រាំ រូបលោក បានជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) ហើយមេដឹកនាំទាំងពីរមានការយល់ឃើញដូចគ្នាថា ការធ្វើបែបនេះ គឺល្អសម្រាប់ប្រទេសទាំងពីរ ដោយយោងទៅលើស្ថានភាពលំបាក នាពេលបច្ចុប្បន្ន។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានប្រកាសការរឹតត្បិតមួយចំនួន លើការធ្វើដំណើរ ខណៈដែលជំងឺ COVID-19 កំពុងរីករាលដាលយ៉ាង ឆាប់រហ័សនៅតំបន់អាមេរិកខាងត្បូង និងអឺរ៉ុប។ កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់បម្រាមធ្វើដំណើរលើប្រទេស អឺរ៉ុបចំនួន ២៨ ដោយរួមមានទាំងចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៨,៧៣៦ករណីហើយ ក្នុងនោះអ្នកជំងឺ ១៤៩នាក់បានស្លាប់៕