(ម៉ានីល)៖ ចិនបានសម្រេចបន្តបរិច្ចាគឧបករណ៍ធ្វើតេស្ត COVID-19 រួមជាមួយសម្ភារៈចាំបាច់បន្ទាន់ដទៃៗទៀត ឲ្យទៅហ្វីលីពីន ដើម្បីជួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក ហ័ង ស៊ីលាន (Huang Xilian) នាថ្ងៃពុធនេះបាននិយាយថា ជំនួយខាងលើរួមមានឧបករណ៍តេស្តរកមេរោគ ១០០,០០០កំផ្លេ, ម៉ាសវេជ្ជសាស្រ្ត១០០,០០០ម៉ាស, ម៉ាសប្រភេទ N95 ចំនួន១០,០០០ម៉ាស និងសម្លៀកបំពាក់ការពារខ្លួន ១០,០០០ឈុត។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ចិនទើបតែបានបរិច្ចាគឧបករណ៍ធ្វើតេស្ត COVID-19 ២,០០០កំផ្លេឲ្យទៅហ្វីលីពីនប៉ុណ្ណោះ។
លោក Huang បានគូសបញ្ជាក់ថា «ប្រជាជាតិចិនត្រៀមខ្លួនរួចជានិច្ច ដើម្បីជួយបងប្អូននៅហ្វីលីពីន ហែលឆ្លងពេលវេលាដ៏លំបាកនេះ»។ ក្រោយទទួលបានដំណឹងនេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) ក៏បានបង្ហោះសារអរគុណដល់លោក Huang និងប្រទេស ចិនទាំងមូលផងដែរ។
គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីនបានកើនដល់ ២០២នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ១៧នាក់បានស្លាប់ និង ០៧នាក់បានជាសះស្បើយ៕