Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាកើនដល់ ១៤៧ករណី ក្នុងនោះ២៥ករណីជាជនបរទេស

18-03-2020 18:01

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ១៤៧ករណីហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសាររបស់ឥណ្ឌាបានឲ្យដឹងថា «ចំនួនករណីឆ្លង ដែលត្រូវបានបញ្ជាក់ឲ្យដឹងនៅទូទាំងប្រទេសឥណ្ឌាមាន ១៤៧ករណី។ ក្នុងចំណោមករណីទាំងនេះមាន ១២២ករណីជាជនជាតិឥណ្ឌា និង ២៥ករណីផ្សេងទៀតជាបរទេស»។

សម្រាប់តួលេខកាលពីថ្ងៃអង្គារម្សិលមិញ គឺមានត្រឹមតែ ១៣៧ករណីប៉ុណ្ណោះ ដែលនេះមានន័យថា នៅថ្ងៃពុធ ទី១៨ ខែមីនា នេះអាជ្ញាធរឥណ្ឌាបានរកឃើញ អ្នកឆ្លងជំងឺថ្មីៗចំនួន ១០ករណីបន្ថែមទៀត។ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ ១៤៧ករណី មានអ្នកជំងឺ ០៣នាក់ស្លាប់ និង ១៤នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ។

ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតសកលមួយនេះ រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបិទទ្វារស្ថាប័នអប់រំទាំងអស់ កន្លែងហាត់ប្រាណ សារមន្ទីរ អាងហែលទឹក និងរោងកុនជាដើមរហូតដល់ថ្ងៃទី៣១ ខែមីនាខាងមុខ។ ជាមួយគ្នានេះព្រឹត្តិការណ៍កីឡាសំខាន់ៗ ក៏ត្រូវបានលុបចោលផងដែរ ខណៈប្រជាពលរដ្ឋឥណ្ឌាទំាងអស់ ត្រូវបានគេជំរុញឲ្យជៀសវាងនូវការប្រមូលផ្តុំគ្នាច្រើន ក៏ដូចជាការធ្វើដំណើរចេញក្រៅប្រទេសផងដែរ៕