(ស្រីលង្កា)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ាង រាចាប៉ាក់សា (Gotabaya Rajapaksa) បានប្រកាសថា ចាប់ពីថ្ងៃពុធនេះតទៅ ស្រីលង្កាហាមមិនឲ្យមានជើងហោះហើរពីក្រៅ ចូលមកក្នុងប្រទេសសម្រាប់រយៈពេល២សប្តាហ៍ នៅចំពោះមុខការរីករាលនៃ COVID-19 នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលស្រីលង្កាក៏បានប្រកាសឲ្យប្រជាជនឈប់សម្រាកនៅទូទាំងប្រទេស សម្រាប់រយៈពេល៣ថ្ងៃផងដែរ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ដើម្បីកាត់បន្ថយការធ្វើប្រាស្រ័យទាក់ទងគ្នា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺ COVID-19។
គួរជម្រាបថា បច្ចុប្បន្ន អ្នកឆ្លង COVID-19 ចំនួន៤៤នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសស្រីលង្កា៕