(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន​ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យថ្មីមួយ ក្នុងទីក្រុងព្យុងយ៉ាង ខណៈប្រទេសឯកោមួយនេះនៅ តែទទូចដដែលថាខ្លួនមិនមានករណីឆ្លង COVID-19។​ នេះបើតាមប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា នៅឯពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យកាលពីថ្ងៃទី១៧ ខែមីនា លោក គីម ជុងអ៊ុន បាននិយាយថាលោកចង់ឱ្យ មន្ទីរពេទ្យថ្មីនេះ សាងសង់រួចរាល់នៅមុនថៃខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង​ នៅខែតុលាខាងមុខ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា KCNA មិនបានបញ្ជាក់ថា តើមន្ទីរពេទ្យនេះមានជាប់ពាក់ព័ន្ធនឹងវិធានការប្រឆាំងនឹង COVID-19 ឬក៏យ៉ាងណានោះទេ។

មកទល់នឹងពេលនេះ កូរ៉េខាងជើង នៅតែទទូចដដែលថាប្រទេសរបស់ខ្លួនមិនមានករណីឆ្លង COVID-19 នោះទេ សូម្បីមួយករណី។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង បានចាត់វិធានការតឹងរឹងជាច្រើន ដើម្បបង្ការ និងទប់ស្កាត់ជំងឺមួយនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ធ្លាប់រាយការណ៍ជាច្រើនលើកថាមនុស្សរាប់រយនាក់ នៅកូរ៉េខាងជើង បានបាត់បង់ជីវិតដោយសារ COVID-19៕