(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលប្រទេសកូរ៉េខាងត្បូងនាថ្ងៃពុធ ទី ១៨ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៣នាក់បន្ថែមទៀត ដោយបានរក្សានិន្នាការធ្លាក់ចុះ «បួនថ្ងៃជាប់ៗគ្នា» មកហើយនៃការឆ្លងប្រចាំថ្ងៃតិចជាង ១០០ករណី។ ទោះជាយ៉ាងណា ក្តីបារម្ភអំពីការផ្ទុះឡើងករណីឆ្លងថ្មីជាចង្កោមតូចៗ នៅតែបន្តកើតមាន។ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA។
មជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KCDC) បានឲ្យដឹងថា ករណីឆ្លងថ្មីៗប្រចាំថ្ងៃក្នុងប្រទេសមួយនេះ ត្រូវបានគេកត់សម្គាល់ថា មានអត្រាឆ្លងតិចជាង ១០០ករណីក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នាមកហើយ ដោយនៅព្រឹកថ្ងៃពុធនេះ KCDC បានរាយការណ៍ពីអ្នកឆ្លង COVID-19 ចំនួន ៩៣នាក់បន្ថែមទៀតត្រូវបានរកឃើញ។
និន្នាការធ្លាក់ចុះ នៃចំនួនអ្នកឆ្លងថ្មីៗ បូករួមទាំងសន្ទុះនៃអ្នកដែលបានជាសះស្បើយឡើងវិញ ពីជំងឺដ៏កាចសាហាវនេះ វាបានបង្កើតចេញជាក្តីសង្ឈឹមថា ប្រទេសអាស៊ីមួយនេះដែលទទួលរងការផ្ទុះរីករាលដាល នៃជំងឺនេះខ្លាំងជាងគេបំផុតបន្ទាប់ពីចិន អាចនឹងត្រូវបិទបញ្ចប់នាពេលដ៏ខ្លីខាងមុខ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបានសម្តែងក្តីព្រួយបារម្ភ អំពីការផ្ទុះករណីឆ្លងជាចង្កោម ដែលនៅតែអាចកើតមានទៀត។
អាជ្ញាធរកូរ៉េខាងត្បូងបានធ្វើយុទ្ធនាការត្រួតពិនិត្យ យ៉ាងទូលំទូលាយលើមូលដ្ឋានរាប់ពាន់កន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងនោះរួមមានទាំងមណ្ឌលថែទាំសុខភាព មន្ទីរពេទ្យ មណ្ឌលទំនាក់ទំនង ហាងកាហ្វេ និងហាងខារ៉ាអូខេជាដើម ដើម្បីគ្រប់គ្រង និងទប់ស្កាត់ នៃការរីករាលដាល នៃជំងឺ COVID-19។
បន្ថែមពីខាងលើនេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រាប់ចាប់តាំងពីការប្រគំតន្ត្រីរបស់ K-pop រហូតដល់ការប្រកួតកីឡានានា ត្រូវបានអាជ្ញាធរសម្រេចឲ្យលុបចោល ឬពន្យារពេល ខណៈលោកប្រធានាធិបតី មូន ចេអ៉ីន (Moon Jae-in) បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា នឹងបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ចបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិមួយនេះ។
គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ីមួយនេះបានកើនដល់ ៨,៤១៣ ករណីហើយក្នុងនោះអ្នកជំងឺ ៨៤នាក់ស្លាប់ និងជាង ១,៤០០នាក់ជាសះស្បើយ៕