(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា លទ្ធផលធ្វើតេស្តរក COVID-19 លើកទីពីររបស់លោកបានបង្ហាញថា លោកនៅតែមិនមានផ្ទុកជំងឺនេះឡើយ ហើយលោកក៏បានស្នើសុំសភា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
លោក Bolsonaro បានសម្រេចធ្វើតេស្តរក COVID-19 លើកទីមួយ កាលពីសប្តាហ៍មុន ហើយលទ្ធផលចេញមក «អវិជ្ជមាន» បន្ទាប់ពីមន្រ្តីលោកម្នាក់ឈ្មោះ ហ្វាប៊ីយ៉ូ វ៉ាចង៉ាធិន (Fabio Wajngarten) ដែលស្ថិតក្នុងចំណោមក្រុមមន្រ្តីអមដំណើរលោក ទៅទស្សនកិច្ចនៅរដ្ឋផ្លូរីដា ដើម្បីជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានផ្ទុក COVID-19។ កាលពីចុងសប្តាហ៍មុនលោក ត្រាំ ក៏បានធ្វើតេស្តរក COVID-19 ផងដែរ ហើយលោកមិនបានឆ្លងជំងឺនេះឡើយ។
គួរជម្រាបថា ទន្ទឹមគ្នានេះ រដ្ឋាភិបាលប្រេស៊ីលបានស្នើទៅកាន់សភា ដើម្បីសុំដាក់ប្រេស៊ីលក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០តែម្តង ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19។ បច្ចុប្បន្ននៅប្រេស៊ីល មានអ្នកឆ្លង COVID-19 ចំនួន ៣៤៦នាក់ក្នុងនោះស្លាប់ម្នាក់៕