(វ៉ាស៊ីនតោន)៖ ទីបំផុតជំងឺរាតត្បាតសកល COVID-19 បានលុកលុយនៅគ្រប់រដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិកហើយ បន្ទាប់ពីរដ្ឋវែសត៍ វើជីនៀ (West Virginia) បានអះអាងពីការរកឃើញករណីឆ្លងវីរុសនេះលើមនុស្សម្នាក់ដំបូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
អភិបាលរដ្ឋ West Virginia លោក ជីម ចាស្ទីស (Jim Justice) បានប្រកាសពីការរកឃើញអ្នកជំងឺ COVID-19 ដំបូងនៅថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា យើងបានដឹងថា COVID-19 បានមកដល់ហើយ។
គួរបញ្ជាក់តាមតួលេខចុងក្រោយថា សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ជិត៦,០០០នាក់ ដោយក្នុងនោះអ្នកជំងឺ១០៥នាក់បានស្លាប់ ខណៈអ្នកឆ្លងនៅទូទាំងសកលលោក បានកើនដល់២០០,០០០ករណី ហើយក្នុងនោះជិត៨,០០០នាក់បាត់បង់ជីវិត ដោយសារជំងឺរាតត្បាតសកលមួយនេះ៕