(គូឡាឡាំពួរ)៖ បុរសវ័យ ៦០ឆ្នាំម្នាក់នៅរដ្ឋសារ៉ាវ៉ាក (Sarawak) បានក្លាយជាអ្នកជំងឺ COVID-19 ដំបូងដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នជាប្រទេសកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ នៅអាស៊ីអាគ្នេយ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
បុរសម្នាក់នោះគឺជាគ្រូគង្វាលនៅព្រះវិហារគ្រិស្តសាសនាមួយកន្លែង ក្នុងទីក្រុងគូឈីង (Kuching) នៃរដ្ឋ Sarawak ដោយបានបាត់បង់ជីវិត កាលពីម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារនេះនៅមន្ទីរពេទ្យធំប្រចាំរដ្ឋ Sarawak។ មនុស្សសរុប ១៩៣នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយជនរងគ្រោះ ត្រូវបានណែនាំឲ្យស្ថិតក្នុងដាច់ដោយឡែកក្នុងផ្ទះ ដើម្បីតាមដានសុខភាព។
កាលពីយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដឌីន រ៉ាស់ស៊ីន (Muhyiddin Yassin) បានប្រកាសពីការហាមឃាត់ មិនឲ្យពលរដ្ឋម៉ាឡេស៊ី ចាកចេញពីប្រទេស និងមិនឲ្យជនបរទេសចូលក្នុងម៉ាឡេស៊ី សម្រាប់រយៈពេល ០២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺសកល COVID-19 នៅក្នុងប្រទេសលោក។ មិនតែប៉ុណ្ណោះការជួបជុំដូចជា កម្មវិធីសាសនា កីឡា សកម្មភាពសង្គម និងវប្បធម៌ក៏នឹងត្រូវហាមឃាត់ដូចគ្នា។ រីឯកន្លែងថ្វាយបង្គំ និងក្រុមហ៊ុន-កន្លែងអាជីវកម្មស្ទើរតែទាំងអស់ ក៏ត្រូវបិទទ្វារផងដែរ លើកលែងតែសេវាកម្មចាំបាច់ដូចជា ផ្នែកទឹក ភ្លើង ថាមពល ទូរគមនាគមន៍ ដឹកជញ្ជូន ប្រេង សាំង សុវត្ថិភាព និងការពារជាតិជាដើម។
គួរជម្រាបថា ជាមួយករណីឆ្លងច្រើនជាង ៥០០ករណី ម៉ាឡេស៊ីបច្ចុប្បន្ន គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយសារជំងឺរាតត្បាតសកល COVID-19 ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមិនមែនជាប្រទេសតែមួយដែលមានអ្នកជំងឺស្លាប់ នៅក្នុងតំបន់នេះឡើយ ដោយឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃក៏មានអ្នកស្លាប់ដែរ៕